ឧបករណ៍ៈ ក្រដាសប្រាក់(រូបិយប័ណ្ណដុល្លាកាន់តែល្អ) ដង្កៀប ឈើគូសឬដែកកេះ អំបិល(ប្រសិនបើអ្នកចង់បានភ្លើងពណ៌ក្រហម) ទឹក និង អាល់កុល។

វិធី៖
១-ធ្វើការរៀបចំសូលុយស្យុងរវាងទឹក និងអាល់កុល។ យើងត្រូវលាយទឹក៥០មីលីលីត្រ និងអាល់កុល ៥០មីលីលីត្របញ្ចូលគ្នានៅក្នុងចានមួយ (អ្នកអាចលាយច្រើនជាងនេះបានដោយក្នុងកម្រិតទឹក៥០% និងអាល់កុល ៥០%)។
២-ប្រសិនបើអ្នកចង់បានភ្លើងឆេះពណ៌ក្រហម អ្នកត្រូវបន្ថែមអំបិលបន្តិចទៅក្នុងសូលុយស្យុងខាងលើ។ ចំហេះដែលឆេះដោយអាល់កុលសុទ្ធនោះនឹងមានភ្លើងពណ៌ខៀវ ដូចនេះប្រសិនបើយើងបន្ថែមជាតិអំបិលនោះ យើងនឹងទទួលបានពណ៌ភ្លើងដូចនឹងចំហេះធម្មតា។
៣-ជ្រលក់ក្រដាសប្រាក់ចូលក្នុងសូលុយស្យុងខាងលើ។ ចូរចាំថា អ្នកត្រូវជ្រលក់ប្រាក់ឲ្យសោមជោគគ្រប់ទីកន្លែងទាំងអស់។
៤-ប្រើប្រាស់ដង្កៀបដើម្បីគាបក្រដាសប្រាក់ចេញពីសូលុយស្យុង និងទុកសម្រាប់ចាប់ក្រដាសប្រាក់នៅពេលដុត។ ការប្រើប្រាស់ដង្កៀបមិនមែនជាការចាំបាច់ប៉ុន្មាននោះទេ អ្នកអាចប្រើប្រាស់ដៃផ្ទាល់ក៏បានដែរ។ ប្រសិនបើអ្នកប្រើដៃផ្ទាល់ ហើយមានភ្លើងឆេះដៃនោះ សូមកុំមានការស្លន់ស្លោ អ្នកគ្រាន់តែរលាស់ដៃចោលនោះ ភ្លើងនឹងរលត់ភ្លាម។
៥-ពេលនេះគឺជាពេលដុតលុយហើយ ប្រើប្រាស់ដែកកេះ ឬឈើគូសដើម្បីដុតក្រដាសប្រាក់។ នៅពេលដែលអ្នកដុត អ្នកនឹងឃើញភ្លើងឆេះយ៉ាងសន្ធរសន្ធៅ បីដូចជាការឆេះលុយពិតប្រាកដយ៉ាងដូចច្នេះដែរ។ ប៉ុន្តែការឆេះនេះ គឺមិនប៉ះពាល់អ្វីដល់ក្រដាសប្រាក់នោះទេ។
តើវិទ្យាសាស្ត្របកស្រាយយ៉ាងម៉េចចំពោះការដុតលុយនេះ?
ប្រិតិកម្មចំហេះខាងលើគឺកើតឡើងរវាងអាល់កុល និងអុកស៊ីសែន ដែលបង្កើតបានជាចំហេះ និងពន្លឺ(ថាមពល) កាបូនឌីអុកស៊ីត និងទឹក។
C2H5OH(អាល់កុល) + 4 O2 - > 2 CO2 + 3 H2O +ថាមពល
ដោយសារតែអាល់កុលមានសំពាធចំហាយខ្ពស់(Vapor Weight) ធ្វើឲ្យអាល់កុលស្ថិតបរិវេណជុំវិញក្រដាសប្រាក់ និងទឹក។ នៅពេលដែលក្រដាស់ប្រាក់នោះត្រូវបានដុត គឺមានតែអាល់កុលប៉ុណ្ណោះដែលឆេះ។ សីតុណ្ហភាពនៃចំហេះអាល់កុល គឺវាមិនគ្រប់គ្រាន់សម្រាប់ធ្វើឲ្យទឹកហួតនោះទេ ហេតុនេះហើយ ក្រដាសប្រាក់នឹងនៅតែសើមជោគដដែល ដែលជួយការពារក្រដាសប្រាក់នោះគេចផុតពីចំហេះនេះបាន។ ក្រោយពេលអាល់កុលឆេះអស់ហើយនោះ ភ្លើងនឹងរលត់ ដោយបន្សល់ទុកនូវក្រដាសប្រាក់របស់អ្នកឲ្យនៅដដែល។
សង្ឃឹមថាប្រិយមិត្តនឹងចូលចិត្តការពិសោធន៍មួយនេះ។ ការពិសោធន៍ខាងលើនេះមិនត្រឹមតែជាការកម្សាន្តនោះទេ វាថែមទាំងផ្តល់នូវចំណេះដឹងវិទ្យាសាស្ត្រទៀតផង។ សូមកុំភ្លេចឧស្សាហ៍ចូលមកគេហទំព័រគំនិតដើម្បីទទួលបានចំណេះដឹងល្អៗបន្ថែមទៀត។
សំគាល់៖
– ហាមមិនឲ្យយកមេតាណុលមកជំនួសអាល់កុលជាដាច់ខាត ព្រោះវាអាចបង្កអោយមានគ្រោះថ្នាក់។
- ប្រសិនបើអ្នកនៅក្មេងមិនទាន់ពេញវ័យនោះ អ្នកត្រូវមានមនុស្សពេញវ័យម្នាក់ដើម្បីជួយមើលការខុសត្រូវនៅពេលអនុវត្តការពិសោធន៍ខាងលើនេះ។ ត្រូវអនុវត្តការពិសោធន៍នេះនៅកន្លែងដែលមានសុវត្ថិភាព និងអោយឆ្ងាយពីកន្លែងដែលងាយឆាបឆេះ និងផ្ទុះ។ ការពិសោធន៍នេះគឺមិនមានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែប្រសិនបើមានអ្វីកើតឡើងជាយថាហេតុដោយសារការពិសោធន៍នេះ គេហទំព័រគំនិតនឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតឡើយ។
No comments:
Post a Comment